សូមបង្ហាញពីធ្វើម្ហូបមួយមុខដែលផ្សំឡើងពីមីសួរឲ្យប្រិយមិត្ត ស្គាល់ម្តង នោះគឺ ឆាមីសួរសាច់មាន់។ ដូច្នេះដើម្បីកុំឲ្យខាតពេលយូរសូមអនុវត្តតាមការណែនាំខាងក្រោម៖
+ គ្រឿងផ្សំ
- សាច់មាន់ ៥០០ក្រាមហាន់តូចល្មម (ប្រឡាក់អំបិល និងម្រេចបន្តិច)
- មីសួរ ២ដុំកាត់ ៣-៤ថ្នាំងដៃ(ត្រាំទឹក)
- ត្រចៀកកណ្តុរ ១០០ក្រាមបេះតូចល្មម (ត្រាំទឹក)
- បង្គាក្រៀម ១០០ក្រាម (ត្រាំទឹក)
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយកន្លះ
- ទឹកត្រី ១ស្លាបព្រាបាយ
- ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ខ្ទឹមបារាំង ១ចំហៀងផ្លែ
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ៣ដើមកាត់ ២ថ្នាំងដៃ
- ប្រេងឆា ៣-៤ស្លាបព្រាបាយ
+ វិធីធ្វើ
១. មុនដំបូងយកកូនចានមួយមកលាយ ប្រេងខ្យង, ស្ករស, ទឹកត្រី, ម្សៅស៊ុបមាន់ និងប៊ីចេង កូរចូលគ្នាឲ្យសព្វ។
២. យកប្រេងឆាដាក់ចូលក្នុងខ្ទះដាក់ភ្លើងឲ្យក្តៅដាក់ខ្ទឹមសចូលឆាឲ្យឈ្ងុយចាំដាក់សាច់មាន់ចូល(សាច់ប្រឡាក់)។
៣. បន្ទាប់មកឆាឲ្យសាច់រាងឆ្អិនបន្តិចចាំដាក់បង្គាក្រៀម, គ្រឿងផ្សំក្នុងកូនចាន, ត្រចៀកកណ្តុរ រួចឆាចូលគ្នាថែមទឹកបន្តិច។
៤. ទុកវាឲ្យពុះដាក់មីសួរ, ខ្ទឹមបារាំង, និងស្លឹកខ្ទឹមឆាចូលគ្នាឲ្យចូលគ្រឿងសព្វជាការស្រេច៕
0 Comments