ជាការពិតផ្លែក្រូចមានតម្លៃធូរថ្លៃ ងាយរក ហើយមានរសជាតិឆ្ងាញ់។ ផ្លែឈើនេះ មិនត្រឹមតែជួយបំបាត់អាការស្រែកទឹក អស់កម្លាំង ឈឺក្បាលប៉ុណ្ណោះទេ  វាថែមទាំងជាឱសថធម្មជាតិជួយការពារនិងព្យាបាលសុខភាពទូទៅផងដែរ។

ដូច្នេះខាងក្រោមអ្នកនឹងបានយល់ដឹងអំពីអត្ថប្រយោជន៍សុខភាពទាំង ៥ យ៉ាងងាយៗដោយគ្រាន់តែហូបផ្លែក្រូចជារៀងរាល់ថ្ងៃ៖


១. ពង្រឹងសុខភាពភ្នែក

ផ្លែក្រូចសំបូរទៅដោយវីតាមីនសេដ៏សំខាន់ខ្លាំង ដែលខ្លួនប្រាណយើងពុំអាចខ្វះបានឡើយ។ វីតាមីននេះជួយការពារកោសិកាភ្នែកពីភាពអន់ថយដោយសារការវិវឌ្ឍន៍នៅពេលយើងកាន់តែចាស់ទៅ ហើយបានជំរុញឲ្យមានសរសៃគ្រប់គ្រាន់ទៅចិញ្ចឹមកោសិកាភ្នែកទៀតផង។  ជាពិសេសវាបានជួយកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងភ្នែកដូចជាទឹកបាយក្នុងប្រស្រីភ្នែកជាដើម។


ក្នុងផ្លែក្រូចមានផ្ទុកសារធាតុពិសេសម៉្យាងដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកផលិតវីតាមីនអាក្នុងខ្លួន។ ប្រសិនបើខ្វះវីតាមីនអា បុគ្គលនោះអាចនឹងមានហានិភ័យឈានទៅដល់ជំងឺពាក់ព័ន្ធនឹងភ្នែក ឬករណីធ្ងន់ធ្ងរអាចខ្វាក់ទៀតផង។

២. ការពារពីជំងឺដាច់សរសៃឈាមខួរក្បាល

សារធាតុពិសេសមួយប្រភេទទទួលបានពីការហូបផ្លែក្រូច ត្រូវបានគេរកឃើញថា វាជាភ្នាក់ងារដ៏សំខាន់ក្នុងការកាត់បន្ថយបញ្ហាស្ទះសរសៃឈាមនៅខួរក្បាល ដែលជាមូលហេតុចំបងនៃជំងឺដាច់សរសៃឈាមខួរក្បាល។


ក្រៅពីនេះការហូបផ្លែក្រូច ក៏បានការពារពីជំងឺហូរឈាមក្នុងខួរក្បាលដោយសារសរសៃណាមួយស្តើងពេក នៅពេលមានសម្ពាធឈាមបុកមកខ្លាំងធ្វើឲ្យដាច់ភ្លាមៗ។

៣. ប្រឆាំងនឹងមហារីក

នៅក្នុងការពិសោធន៍ស្រាវជ្រាវនៅមន្ទីរពិសោធន៍បានរកឃើញថា សារធាតុសរសៃនៃផ្លែក្រូច និងជាពិសេសសារធាតុពិសេសមួយប្រភេទដែលច្រើនរកឃើញមានក្នុងផ្លែឈើមានរសជាតិជូរ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យមួយក្នុងការប្រឆាំងជាមួយនឹងកោសិកាមហារីកដោយវាបញ្ឈប់ឲ្យមានការលូតលាស់បន្តទៅទៀត។  

៤. ជំរុញសុខភាពស្បែក

ក្នុងផ្លែក្រូចមួយផ្លែ សំបូរទៅដោយវីតាមីនសេដ៏ច្រើនដែលវីតាមីននេះ បានចូលរួមចំណែកក្នុងការផលិតសារធាតុកូឡាសែនដ៏សំខាន់ សម្រាប់ភ្ជាប់កោសិកាស្បែកទាំងអស់ឲ្យហាប់ណែន។ សារធាតុកូឡាសែនប្រៀបបាននឹងស៊ីម៉ង់ត៍សំរាប់ភ្ជាប់កោសិកាស្បែកទាំងឡាយឲ្យនៅជាទ្រង់ទ្រាយជាប់ៗគ្នា។ ដូច្នេះស្បែកមួយដែលមានសុខភាពល្អទាមទារឲ្យមានសារធាតុកូឡាសែននេះយ៉ាងច្រើន ដែលអាចផលិតបានពីវីតាមីនសេ។


ក្រៅពីនេះការហូបផ្លែក្រូចបានផ្តល់វីតាមីនសេ ដែលជាសារធាតុប្រឆាំងនឹងការខូចខាតកោសិកាយ៉ាងមានប្រសិទ្ធភាព។  វីតាមីនសេប្រៀបបានជារនាំងមួយ ការពារកោសិកាស្បែកយើងពីកាំរស្មីស្វាយអ៊ុលត្រា ដែលកាំរស្មីនេះអាចមានឥទ្ធិពលជ្រៅចូលទៅក្នុងកោសិកាស្បែករបស់យើង បង្កឲ្យមានភាពមិនប្រក្រតីរបស់ស្បែក ជាពិសេសវាអាចវិវឌ្ឍទៅរកជំងឺមហារីកស្បែក។

៥. ជួសជុលនិងការពារជាលិកា

វីតាមីនសេ ដែលទទួលបានពីផ្លែក្រូច បានដើរតួនាទីយ៉ាងចំបងក្នុងការបង្កើនល្បឿនជួសជុលនិងការលូតលាស់កោសិកាទាំងឡាយណាដែលខូចខាត ។ វាបានចូលរួមចំណែកក្នុងការផ្សះមុខរបួសឲ្យសះល្អ រក្សាលំនឹងសុខភាពឆ្អឹងរាងកាយ និងជាពិសេសសុខភាពមាត់ធ្មេញអញ្ចាញនេះទៀតផង៕

source:khmerload